កញ្ញា អោក សុម៉ាដាលីស ពេលខ្លះច្រៀងលាយឡំនឹងទឹកភ្នែក ដោយសារតែ…

ភ្នំពេញ៖ ជាច្រើនឆ្នាំមកហើយ ដែលទស្សនិកជន ឆ្ងល់ថា បាត់មុខក្រុមតារាចម្រៀងត្រកូល អោក ទៅណា ដោយសារតែ មិនដែលបានឃើញមុខពួកគាត់ តាមរយៈកញ្ចក់ទូរទស្សន៍ ឬ កម្មវិធីប្រគំតន្រ្តីនានា នោះទេ ។

ក្រោយពេលបាត់មុខជាច្រើនឆ្នាំមក ក្រុមការងារ MyTV Plus បានជួប និងសាកសួរកញ្ញា អោក សុម៉ាដាលីស ដោយផ្ទាល់ ដែលគាត់ជាប្អូនស្រីពៅគេបង្អស់ ក្នុងត្រកូល អោក ។ កញ្ញា បានប្រាប់ថា សព្វថ្ងៃនេះ សម្រាប់គាត់ និងបងស្រីរបស់គាត់ ដូចជាស្ងាត់ណាស់ មិនដែលឃើញមានស្ថានីយទូរទស្សន៍ អញ្ជើញពួកគាត់ចូលរួមកម្មវិធីនោះទេ ។

បច្ចុប្បន្ននេះ កញ្ញា អោក សុម៉ាដាលីស កំពុងតែបន្តអាជីពជាតារាចម្រៀងនៅក្នុងភោជនីយដ្ឋានមួយកន្លែង នៅជិតសន្ធរម៉ុក ហើយកញ្ញា ក៏កំពុងជួបប្រទះនូវបញ្ហាក្នុងក្រុមគ្រួសារ ដោយម្តាយរបស់គាត់ មានជំងឺភ្លេចភ្លាំង បាត់ការចងចាំ មិនស្គាល់កូន ធ្វើឱ្យគាត់ពិបាកចិត្ត ដែលពេលខ្លះច្រៀងលាយឡំដោយទឹកភ្នែក ។

មកទល់ឆ្នាំ២០១៩នេះ កញ្ញា អោក សុម៉ាដាលីស មានអាយុ ៣០ឆ្នាំហើយ គាត់មិនទាន់មានគូស្រករនៅឡើយនោះទេ ។ បើទោះបីជា វ័យរបស់កាន់តែចាស់មែន តែសម្រស់របស់គាត់មិនចាស់នោះទេ គឺនៅតែស្រស់ស្អាតជានិច្ច ។

ទោះយ៉ាងណា នៅថ្ងៃសៅរ៍ សប្តាហ៍នេះ កម្មវិធី «សោភ័ណតន្ត្រី» របស់ស្ថានីយទូរទស្សន៍ CTN នឹងអញ្ជើញក្រុមតារាចម្រៀងត្រកូល អោក នេះ មកចូលរួមក្នុងកម្មវិធី ដែលរួមមានអ្នកនាង អោក សុម៉ាលីតា, កញ្ញា អោក សុម៉ាវត្តី និងកញ្ញា អោក សុម៉ាដាលីស ។

ចង់ជួបតារាចម្រៀងត្រកូល អោក កុំភ្លេចសប្តាហ៍នេះ ថ្ងៃសៅរ៍ វេលាម៉ោង ១២ថ្ងៃត្រង់ ក្នុងកម្មវិធី «សោភ័ណតន្ត្រី» របស់ស្ថានីយទូរទស្សន៍ CTN ៕

អត្ថបទ៖ ឡុង រតនា